គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ Thnot d’Or ២០២៥ : និស្សិតចុះឈ្មោះសរុបមាន៦០ក្រុម

កាលបរិច្ឆេទ: ១០ មីនា ២០២៥ / កសិកម្ម / Author : ATH Sokren

ឆ្នាំនេះ និស្សិតចុះឈ្មោះចូលរួមប្រកួតដណ្តើមពានរង្វាន់ត្នោតមាស ឬ Thnot d’Or សរុបទាំងអស់មានចំនួនរហូតដល់៦០ក្រុម ដែលមកពីសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យាផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារ ចំនួន១០គ្រឹះស្ថាន ខណៈពេលដែលជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកចុះឈ្មោះយ៉ាងច្រើនបំផុតត្រឹម ៣០ ក្រុមប៉ុណ្ណោះ។ មានន័យថា ចំនួនបានកើនឡើងទ្វេជាពីរ។

 « ការកែច្នៃផលិតផលស្វាយប្រកបដោយនវានុវត្តន៍ ព្រមទាំងសិក្សាបច្ចេកទេសលើខ្សែសង្វាក់ផលិតកម្មសម្រាប់ទីផ្សា » គឺជាប្រធានបទសម្រាប់ពានរង្វាន់ឆ្នាំ២០២៥ ដែលគោលបំណងគឺជំរុញលើកទឹកចិត្តនិស្សិតផ្នែកនេះឱ្យខិតខំស្រាវជ្រាវច្នៃប្រឌិតដើម្បីចូលរួមចំណែកយ៉ាងសកម្មអភិវឌ្ឍជនបទ និងឯករាជ្យភាពផ្នែកចំណីអាហារនៅកម្ពុជា។

ចំនួននិស្សិតចុះឈ្មោះច្រើនរហូតដល់២៥០នាក់ លើកនេះគឺជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមការងារមូលនិធិគីណាល់ដែលជាអ្នករៀបចំការប្រកួតពានរង្វាន់រវាងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន១០នៅទីក្រុងភ្នំពេញ និងនៅតាមខេត្ត។ គ្រឹះស្ថានទាំងនោះមានដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានសន្តប៉ូល វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សាកលវិទ្យាល័យ​ជាតិមាន​ជ័យ សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និងសាកលវិទ្យាល័យអន្តរជាតិនៅទីក្រុងភ្នំពេញជាដើម។

និស្សិតទាំង៦០ក្រុមមានពេលរហូតដល់ថ្ងៃទី២៨ មេសា ដើម្បីដាក់ជូនគណៈមេប្រយោគពិនិត្យអត្ថបទសង្ខេបពីគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយនិស្សិតចំនួន១០ក្រុមនឹងត្រូវជ្រើសរើសឱ្យទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅខែកក្កដា។

ពានរង្វាន់ត្នោតមាសដែលរៀបចំឡើងដោយមូលនិធិគីណាល់ គឺជាឧបករណ៍នៃនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ក្នុងគោលបំណងលើកកម្ពស់ការងារស្រាវជ្រាវរបស់យុវជនផ្នែកក្សេតសាស្រ្ត និងផ្នែកបច្ចេកវិទ្យាចំណីអាហារ។

ការប្រកួតក៏ដូចជាពានរង្វាន់គីណាល់គឺស្ថិតក្នុងបេសកកម្មដ៏សំខាន់មួយរបស់មូលនិធិគីណាល់។ នោះគឺការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា តាមរយៈការពង្រឹងធនធានមនុស្ស និងសមត្ថភាពច្នៃប្រឌិត៕